លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មជួល
បច្ចុប្បន្នភាពចុងក្រោយថ្ងៃទី៖ ២២ កញ្ញា ២០២៦
លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មជួលទាំងនេះ ត្រូវអាន និងបកស្រាយរួមគ្នាជាមួយនឹងលក្ខខណ្ឌនៃសេវាកម្ម និង លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ជាពិសេសមុខងារ ជួល ដែលមាននៅលើវេទិការបស់ ហ្គ្រេប នោះត្រូវបានចាត់ទុកថា អ្នកបានអាន យល់ព្រម និងយល់ដឹងយ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌនៃសេវាកម្ម និងលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking របស់យើង ដែលត្រូវអនុវត្តចំពោះរូបអ្នក។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌនៃសេវាកម្ម និងលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking របស់យើងទេ សូមមេត្តាកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើង។
វាក្យសព្ទបច្ចេកទេសទាំងឡាយណា ដែលបានកំណត់និយមន័យ ប៉ុន្ដែមិនបានកំណត់បញ្ជាក់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មជួលនេះ ត្រូវមាននិយមន័យដូចគ្នាទៅនឹងការកំណត់និយមន័យនៅក្នុង លក្ខខណ្ឌនៃសេវាកម្ម និងលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking ដូចគ្នាដែរ។
២. សេវាកម្មជួល គឺមានផ្ដល់ជូនសម្រាប់តែក្នុងតំបន់សេវាកម្ម ដែលបានអនុញ្ញាតនៅក្នុងទីក្រុង ឬ ទីប្រជុំជន ហើយក្នុងអំឡុងម៉ោងនៃសេវាកម្មដែលបានអនុញ្ញាតប៉ុណ្ណោះ។ សេវាកម្មនេះមិនគាំទ្រការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ទីក្រុង ឬ ទីប្រជុំជនឡើយ លុះត្រាតែមានការអនុញ្ញាតពី ហ្គ្រេប។ រាល់ការធ្វើដំណើរ រួមទាំងការទទួល និងការទម្លាក់អ្នកដំណើរចុះ ត្រូវតែស្ថិតនៅក្នុងតំបន់សេវាកម្ម និងម៉ោងនៃសេវាកម្មដែលបានអនុញ្ញាត
៣. អ្នកមានកាតព្វកិច្ចធានាថា រាល់ព័ត៌មានលម្អិតទាំងអស់ដែលអ្នកបានបញ្ចូលពាក់ព័ន្ធនឹងសេវាកម្មជួល គឺពិតជាត្រឹមត្រូវ និងពេញលេញ (រួមទាំងទីតាំងទទួល រយៈពេល និងប្រភេទនៃរថយន្ដ)។ ហ្គ្រេប នឹងមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ឬ ការលុបចោលណាមួយ ដោយសារមូលហេតុដែលអ្នកបានបញ្ចូលព័ត៌មានលម្អិត ឬ ប្រភេទនៃការធ្វើដំណើរមិនត្រឹមត្រូវនៅលើវេទិកានោះឡើយ។
៤. ការជួល (ដែលរួមមានដូចជា ទីតាំងទទួល រយៈពេលជួល ប្រភេទរថយន្ដ និងវិធីសាស្ត្របង់ប្រាក់) មិនអាចធ្វើការកែប្រែបានទេ បន្ទាប់ពីអ្នកដំណើរបានកក់ការធ្វើដំណើររួចរាល់។
៥. អ្នកត្រូវបានណែនាំឱ្យពិនិត្យ និងជ្រើសរើសវិធីសាស្ត្របង់ប្រាក់ណាមួយដែលមានសម្រាប់សេវាកម្មជួល៖
ក. សេវាកម្មជួលភ្លាមៗ (Rent On Demand) គឺមានទាំងវិធីសាស្ដ្របង់ប្រាក់តាមសាច់ប្រាក់ និងការបង់ប្រាក់តាមកាត។
ខ. សេវាកម្មជួល Advance Booking (Rent Advance Booking) គឺមានតែការទូទាត់តាមកាត (ឧទាហរណ៍៖ កាតឥណទាន/កាតអេធីអឹម credit/debit card)។
៦. នឹងមានការកាត់ប្រាក់ជាបណ្តោះអាសន្ន សម្រាប់ការបង់ប្រាក់តាមកាត (ឧទាហរណ៍៖ កាតឥណទាន ឬ កាតឥណពន្ធ)។ ទឹកប្រាក់នឹងត្រូវ “រក្សាទុកជាបណ្តោះអាសន្ន” ហើយនឹងត្រូវកាត់ចេញជាផ្លូវការ នៅពេលដែលការធ្វើដំណើររបស់អ្នកត្រូវបានបញ្ចប់តែប៉ុណ្ណោះ។ ប្រសិនបើការធ្វើដំណើររបស់អ្នកត្រូវបានលុបចោល អ្នកនឹងទទួលបានប្រាក់វិញ ស្របតាមគោលការណ៍លុបចោលការធ្វើដំណើរដែលត្រូវអនុវត្ត។
៧. តម្លៃធ្វើដំណើរដែលត្រូវអនុវត្តសម្រាប់ការជិះតាម កាលវិភាគរបស់អ្នក នឹងត្រូវបង្ហាញនៅពេលអ្នកជ្រើសរើស “សេវាកម្មជួល Advance Booking” ដោយផ្អែកលើប្រភេទសេវាកម្ម និងរយ:ពេលនៃការជួល។
៨. តម្លៃធ្វើដំណើរដែលបានបង្ហាញ មិនទាន់រាប់បញ្ចូលកម្រៃបន្ថែមផ្សេងៗទេ (ឧទាហរណ៍៖ កម្រៃសេវារង់ចាំ ថ្លៃប្រាក់បង់ផ្លូវ/ស្ពាន និងកម្រៃសេវាចំណតបន្ថែម ឬ កម្រៃបន្ថែមចម្ងាយផ្លូវ) ហើយកម្រៃបន្ថែមដែលអាចអនុវត្តបាន នឹងត្រូវបូកបញ្ចូលនៅពេលបញ្ចប់ការធ្វើដំណើររបស់អ្នក។
៩. រយៈពេលនៃការកក់ចាប់ផ្តើមឡើង នៅពេលដែលអ្នកបើកបរទទួលអ្នក ឬ តាមពេលវេលាដែលបានកំណត់ ដោយបូករួមទាំងរយៈពេលអនុគ្រោះរហូតដល់ ១៥ នាទី ដោយយកពេលវេលាណាមួយដែលនៅក្រោយគេ។
១០. អ្នកបើកបរអាចលុបចោលការកក់សេវាមកជួលរបស់អ្នកបាន ប្រសិនបើបានរង់ចាំលើសពី ១៥ នាទី នៅតាមកាលវិភាគ និងទីតាំងទទួលដែលបានកំណត់ ហើយអ្នកនឹងត្រូវបង់ថ្លៃសេវាខកខានមិនបានមកតាមការកាត់ណាត់។
១១. ក្នុងករណីដែលអ្នកមកដល់យឺតយ៉ាវ ពេលវេលាដែលបានបាត់បង់នឹងមិនត្រូវផ្តល់ជូនជាពេលវេលាបន្ថែមលើសពីរយៈពេលជួលនោះឡើយ។ ការកក់ការជួលនឹងត្រូវបញ្ចប់ទៅតាមកាលវិភាគដែលបានកំណត់កាលពីដើមដំបូងនោះ។
១២. ការបន្ថែមរយៈពេលជួលលើសពីការកក់ពីដំបូង គឺអាស្រ័យលើពេលវេលាទំនេរ និងការយល់ព្រមរបស់អ្នកបើកបរតែប៉ុណ្ណោះ។ ប្រសិនបើមានការបន្ថែមរយៈពេលជួល វានឹងត្រូវជាកម្មវត្ថុនៃកម្រៃសេវាបន្ថែមម៉ោង ដែលជាការគិតកម្រៃបន្ថែមថេរក្នុងមួយនាទី ផ្អែកលើប្រភេទរថយន្ត និងទីក្រុង។
១៣. ពេលវេលា និងទីតាំងទម្លាក់អ្នកដំណើរចុះ (រួមទាំងទីតាំងការទម្លាក់ចុះនៅព្រលានយន្តហោះ) គឺត្រូវបានកំណត់ដោយរូបអ្នកតែម្នាក់គត់ ហើយត្រូវបានទាក់ទងគ្នាដោយផ្ទាល់មាត់រវាងអ្នក និងអ្នកបើកបរមុនពេលបញ្ចប់ការធ្វើដំណើរ។ អ្នកបើកបរអាចការណែនាំដល់អ្នក ប៉ុន្តែការសម្រេចចិត្តចុងក្រោយលើពេលវេលា និងទីតាំងទម្លាក់ចុះ គឺស្ថិតនៅលើរូបអ្នកទាំងស្រុង ហើយទាំងអ្នកបើកបរ និង ហ្គ្រេប នឹងមិនទទួលខុសត្រូវឡើយ ប្រសិនបើអ្នកមិនអាចទៅដល់ចំណុចចុះបានទាន់ពេលវេលា។
១៤. ហ្គ្រេប មិនទទួលខុសត្រូវចំពោះការបាត់បង់ថវិកា ឬ សម្ភារៈមានតម្លៃផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃការធ្វើដំណើររបស់អ្នកឡើយ។ សូមធានាថា សម្ភារៈដែលមានតម្លៃទាំងអស់ត្រូវបានរក្សាទុកជាប់ជាមួយអ្នក ពេញមួយអំឡុងពេលនៃការជួល និងមិនត្រូវទុកចោលដោយគ្មានការមើលថែនៅក្នុងរថយន្តឡើយ។
១៥. អ្នកដំណើរមិនអនុញ្ញាតឱ្យស្នើសុំអ្នកបើកបរធ្វើការដឹកជញ្ជូនអីវ៉ាន់ ឬ សម្ភារៈណាមួយឡើយ ដូចជា ឯកសារ កញ្ចប់អីវ៉ាន់ ទំនិញ ឬ គ្រឿងសង្ហារិមជាដើម ។ល។
១៦. អ្នកបើកបររក្សាសិទ្ធិក្នុងការជ្រើសរើសផ្លូវដែលលឿនជាង ឬ ខ្លីជាងជាក់ស្ដែង ដូចដែលបានណែនាំដោយ GPS។
១៧. អ្នកត្រូវបានណែនាំឱ្យជ្រើសរើសប្រភេទថតយន្ត ដែលសមរម្យសម្រាប់អ្នករួមដំណើរ និងអីវ៉ាន់របស់អ្នក។
១៨. ដើម្បីសុវត្ថិភាព និងការអនុវត្តស្របតាមច្បាប់ អ្នកដំណើរជាកុមារ ឬ មនុស្សជំទង់ត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាព ឬ ឧបករណ៍ការពារដែលបានទទួលស្គាល់ (ឧទាហរណ៍៖ កៅអីសុវត្ថិភាពកុមារ ឬ កៅអីជំរុញកម្ពស់ ជាដើម) នៅពេលធ្វើដំណើរតាមយានយន្តឈ្នួលឯកជន។
១៩. ឪពុកម្តាយ/អ្នកថែទាំកុមារ ត្រូវទទួលខុសត្រូវក្នុងការធានាថា កៅអីសុវត្ថិភាពកុមារ ត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ និងធានាថាកុមារទទួលបានសុវត្ថិភាព។
២០. ការព្រមព្រៀងក្រៅវេទិកា (Off-Platform Arrangements)៖ មុខងារសារសន្ទនាក្នុងកម្មវិធី (In-app chat) ត្រូវបានផ្តល់ជូន ដើម្បីឱ្យអ្នកអាចចែករំលែកផ្លូវ និងចំណុចឈប់ដែលបានគ្រោងទុកទៅកាន់អ្នកបើកបររបស់អ្នក។ អ្នកមិនត្រូវចែករំលែកព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួន ឬ ប្រើប្រាស់សារសន្ទនានេះ ដើម្បីរៀបចំការកក់ ការបង់ប្រាក់ ឬ ការលុបចោលការកក់ នៅខាងក្រៅកម្មវិធី ហ្គ្រេប បានឡើយ។ ប្រសិនបើអ្នកធ្វើការព្រមព្រៀងណាមួយជាមួយអ្នកបើកបរនៅក្រៅវេទិកា ហ្គ្រេប ទោះបីជាអ្នកបានស្គាល់គ្នាតាមរយៈកម្មវិធី ហ្គ្រេប ក៏ដោយ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការខាតបង់ ការខូចខាត របួសស្នាម ឬ ឧប្បត្តិហេតុទាំងឡាយដែលកើតចេញពីការព្រមព្រៀងនោះឡើយ។ រាល់ការផ្លាស់ប្តូរការកក់ទាំងអស់ ត្រូវតែធ្វើឡើងនៅក្នុងកម្មវិធី ហ្គ្រេប តែមួយគត់។
សេវាកម្មជួលភ្លាមៗ
២១. ទាំងអ្នក និងអ្នកបើកបរ អាចលុបចោលការកក់ដោយឥតគិតថ្លៃបានគ្រប់ពេល។
សេវាកម្មជួលទុកជាមុន (Rent Advance Booking)
ការជួលទុកជាមុន គឺជាមុខងារមួយនៅលើវេទិការបស់ ហ្គ្រេប ដែលអនុញ្ញាតឱ្យមានការកក់ការធ្វើដំណើរចាប់ពី ២ (ពីរ) ម៉ោង ដល់ ៩០ (កៅសិប) ថ្ងៃជាមុន សម្រាប់ការធ្វើដំណើរក្នុងតំបន់ផ្តល់សេវាកម្ម និងក្នុងអំឡុងម៉ោងប្រតិបត្តិការនៃសេវាកម្មដែលបានអនុញ្ញាត។
២២. លក្ខខណ្ឌនៃការលុបចោលលេខ ២២ ដល់ ៣១ ខាងក្រោមនេះ នឹងត្រូវជំនួសឱ្យលក្ខខណ្ឌនៃការលុបចោលលេខ ២១ ខាងលើ។
២៣. សម្រាប់ការជួលទុកជាមុន អ្នកអាចធ្វើការលុបចោលដោយឥតគិតថ្លៃនៅពេលណាក៏បាន ក្នុងរយៈពេល ១ ម៉ោងមុនពេលវេលាដែលបានកំណត់។
២៤. កម្រៃសេវាលុបចោល ដែលស្មើនឹងរយៈពេលបម្រើសេវាកម្ម ១ (មួយ) ម៉ោងនៃកម្រៃសេវានឹងត្រូវគិតថ្លៃ ប្រសិនបើ៖
ក. អ្នកលុបចោលការជួលទុកជាមុន តិចជាង ៦០ នាទី មុនពេលកំណត់មកទទួល ឬ
ខ. ការជួលទុកជាមុនរបស់អ្នកត្រូវបានបញ្ជាក់ និងទទួលយកដោយអ្នកបើកបរ ប៉ុន្តែអ្នកបានលុបចោលការធ្វើដំណើរ បន្ទាប់ពីពេលវេលាកំណត់ទទួល ឬ
គ. អ្នកកក់ប្រភេទសេវាកម្មធ្វើដំណើរមិនត្រឹមត្រូវ (ឧទាហរណ៍៖ កក់ Premium Car រយៈពេល ៤ ម៉ោង ជំនួសឱ្យ Stanard Plus រយៈពេល ៤ ម៉ោង) ហើយមិនបានលុបចោលយ៉ាងហោចណាស់ ១ (មួយ) ម៉ោងមុនពេលកំណត់មកទទួល ឬ
ឃ. អ្នកមិនបានមកបង្ហាញខ្លួនក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីពេលវេលាកំណត់មកទទួល។
២៥. អ្នកបើកបរអាចលុបចោលការជួលទុកជាមុនរបស់អ្នក បន្ទាប់ពីរង់ចាំលើសពី ១៥ នាទី នៅទីតាំង និងពេលវេលាដែលបានកំណត់មកទទួល។
២៦. នៅពេលដែលដល់ម៉ោងកំណត់ទុកហើយ ប្រសិនបើគ្មានអ្នកដឹកជញ្ជូនណាដែលទទួលការជួលជាមុនទេ ការកក់របស់អ្នកនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិក្នុងរយៈពេល ១៥ (ដប់ប្រាំ) នាទីបន្ទាប់ពីម៉ោងដែលបានកក់ទុក ហើយអ្នកនឹងមិនត្រូវបង់កម្រៃសេវា ឬ ការកាត់ប្រាក់ណាមួយឡើយ។
២៧. នៅពេលដែលដល់ម៉ោងកំណត់ទុកហើយ ប្រសិនបើអ្នកបើកបរដែលបានទទួលការជួលទុកជាមុនរបស់អ្នកមិនបានមកដល់ ឬ មកដល់យឺតយ៉ាវ អ្នកអាចលុបចោលការកក់បន្ទាប់ពីដល់ម៉ោងកំណត់ទុក ដោយគ្មានការគិតកម្រៃសេវាឡើយ។
២៨. គោលការណ៍នៃការលុបចោល និងទំហំនៃប័ណ្ណលើកទឹកចិត្តសម្រាប់ការកក់ទុកជាមុន នឹងត្រូវជូនដំណឹងដោយ ហ្គ្រេប ពីពេលមួយទៅពេលមួយ តាមរយៈមធ្យោបាយទំនាក់ទំនងដែលមាន ផ្អែកលើការសម្រេចចិត្តរបស់ ហ្គ្រេប រួមមាន ប៉ុន្តែមិនកម្រិតចំពោះ អ៊ីមែល ការជូនដំណឹងនៅក្នុងកម្មវិធី និង/ឬ នៅលើកាតព័ត៌មានសេវាកម្មដែលបង្ហាញនៅលើអេក្រង់នៃការកក់។
២៩. ប័ណ្ណលើកទឹកចិត្តត្រូវប្រើសម្រាប់ការផ្លាស់ប្តូរយក សេវាកម្មរបស់ ហ្គ្រេប ក្រោមលក្ខខណ្ឌ ហើយត្រូវស្ថិតនៅក្រោមគោលការណ៍របស់ ហ្គ្រេប ដែលត្រូវបានអនុវត្តផ្អែកលើឆន្ទានុសិទ្ធិរបស់ ហ្គ្រេប។
៣០. អ្នកក៏ត្រូវស្ថិតនៅក្រោមការអនុវត្តកម្រៃសេវាផ្សេងទៀត ស្របតាមគោលការណ៍លុបចោលដែលត្រូវអនុវត្ត ដូចដែលបានផ្សាយនៅលើគេហទំព័ររបស់ ហ្គ្រេប និងបានជូនដំណឹងដល់អ្នកពីពេលមួយទៅពេលមួយ។
៣១. កម្មវិធី “ការធានាមិនឱ្យខកខានការហោះហើរ” (Never Miss a Flight Guarantee programme) ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking មិនអនុវត្តចំពោះការជួលទុកជាមុនឡើយ។
យើងសូមរក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ឬ លុបចេញនូវលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មជួលទាំងនេះគ្រប់ពេល ដោយជូនដំណឹងជាមុនរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃទៅកាន់អ្នក។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយទេ អ្នកត្រូវតែបញ្ឈប់ការប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង។ សូមចំណាំថា ការបន្តប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង មានន័យថាអ្នកបានយល់ព្រម និងឯកភាពចំពោះការកែប្រែទាំងឡាយនៃលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មជួលនេះ។