លក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ ២៣ មេសា ២០២៦
សេចក្តីផ្ដើម
១. លក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះគ្រប់គ្រងលើការអាក់សេសចូល និងការប្រើប្រាស់វេទិកាហ្គ្រេប សម្រាប់ការលក់ និងការផ្គត់ផ្គង់ទំនិញក្នុងទម្រង់ “អាជីវកម្ម ជាមួយ អាជីវកម្ម” (“B2B”) រវាងអាជីវករអ្នកផ្គត់ផ្គង់ (ដូចមាននិយមន័យនៅខាងក្រោម) និងអាជីវករអ្នកទិញ (ដូចមាននិយមន័យនៅខាងក្រោម) ដើម្បីសម្រួលដល់ការស្វែងរកប្រភពទំនិញដោយផ្ទាល់ ក្នុងតម្លៃសមរម្យប្រកបដោយភាពងាយស្រួល។ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវអាន និងស្វែងយល់ឱ្យបានច្បាស់លាស់ និងហ្មត់ចត់នូវលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងអស់នេះ ពីព្រោះលក្ខខណ្ឌទាំងនេះកំណត់អំពីការទទួលខុសត្រូវ កាតព្វកិច្ច និងសិទ្ធិរបស់អ្នក។
២. លក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ ត្រូវបានដាក់បញ្ចូលជាផ្នែក និងត្រូវអានរួមគ្នាជាមួយ លក្ខខណ្ឌទីផ្សារ និងលក្ខខណ្ឌនៃសេវាកម្ម។ តាមរយៈការអាក់សេសចូល និងការប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍នៅលើវេទិកាហ្គ្រេបរបស់យើង អ្នកត្រូវបានសន្មត់ថាបានអាន យល់ព្រម និងយល់ដឹងអំពីលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ ដែលត្រូវអនុវត្តចំពោះអ្នក។ ប្រសិនបើអ្នកមិនយល់ព្រមតាមលក្ខខណ្ឌ និងខចែងនៃលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះទេ សូមកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍របស់យើងឡើយ។
៣. រាល់វាក្យសព្ទដែលមិនបានកំណត់និយមន័យនៅក្នុងលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ ត្រូវមានអត្ថន័យដូចគ្នាទៅនឹងនិយមន័យដែលមានកំណត់ក្នុង លក្ខខណ្ឌទីផ្សារ និងលក្ខខណ្ឌនៃសេវាកម្ម លើកលែងវាក្យសព្ទទាំងនោះត្រូវបានកំណត់និយមន័យយ៉ាងច្បាស់លាស់នៅទីនេះ។
៤. ហ្គ្រេប អាចធ្វើការកែប្រែ និង/ឬ បំពេញបន្ថែមនូវលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះនៅពេលណាក៏បាន តាមឆន្ទានុសិទ្ធិរបស់យើង។ ការកែប្រែ និង/ឬ ការបំពេញបន្ថែមបែបនេះ នឹងមានប្រសិទ្ធភាពក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ ចាប់ពីកាលបរិច្ឆេទដែលយើងបានជូនដំណឹងដល់អ្នក ឬ នៅពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានបង្ហោះនៅលើគេហទំព័រ កម្មវិធី ឬ គេហទំព័រអនឡាញផ្សេងទៀតរបស់យើង ដែលអ្នកអាចចូលមើលបាន។ វាជាការទទួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យមើលលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះឱ្យបានទៀងទាត់។ ការបន្តប្រើប្រាស់វេទិកា និងហ្គ្រេបសឹបផ្លាយស៍របស់អ្នក បន្ទាប់ពីមានការកែប្រែ និង/ឬ ការបំពេញបន្ថែមណាមួយ ទោះបីជាអ្នកបានពិនិត្យមើលរួចហើយ ឬ មិនទាន់បានពិនិត្យមើលក៏ដោយ នឹងត្រូវចាត់ទុកថាជាការយល់ព្រមរបស់អ្នកក្នុងការអនុវត្តតាមការកែប្រែ និង/ឬ ការបំពេញបន្ថែមទាំងនោះ។
៥. សម្រាប់គោលបំណងនៃលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ វាក្យសព្ទដែលសរសេរជាអក្សរធំខាងក្រោម ត្រូវមានអត្ថន័យដូចតទៅ៖
“អាជីវករអ្នកទិញ” សំដៅលើអាជីវករដែលអាក់សេសចូល និងប្រើប្រាស់ ហ្គ្រេបសឹបផ្លាយស៍ ដើម្បីមើល និងបញ្ជាទិញទំនិញតាមរយៈវេទិកាហ្គ្រេប។
“អាជីវករអ្នកផ្គត់ផ្គង់” សំដៅលើអាជីវករដែលអាក់សេសចូល និងប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍ ដើម្បីលក់ និងផ្គត់ផ្គង់ទំនិញ (ដែលមានទាំងការដឹកជញ្ជូន និងឡូជីស្ទិក) ទៅឱ្យអាជីវករអ្នកទិញតាមរយៈវេទិកាហ្គ្រេប។
“ថ្លៃលក់” នៃទំនិញ សំដៅលើតម្លៃសរុបនៃទំនិញដែលបានបង្ហាញនៅលើវេទិកាហ្គ្រេប ដែលត្រូវរួមបញ្ចូលទាំងកម្រៃសេវាដឹកជញ្ជូន និងឡូជីស្ទិក ហើយពន្ធទាំងឡាយដែលត្រូវអនុវត្ត ប៉ុន្ដែមិនរាប់បញ្ចូលនូវប័ណ្ណបញ្ចុះតម្លៃ ឬ ការបញ្ចុះតម្លៃផ្សេងៗឡើយ ប្រសិនបើមាន។
សម្រាប់អាជីវករអ្នកផ្គត់ផ្គង់
៦. តាមរយៈការអាក់សេសចូល និងប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍ ក្នុងលក្ខខណ្ឌនេះ ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មទីផ្សារហ្គ្រេបសឹបផ្លាយស៍ (“កិច្ចព្រមព្រៀង”) ជាមួយ ហ្គ្រេប អ្នកយល់ព្រមថាអ្នកបានអាន និងយល់យ៉ាងច្បាស់លាស់នូវរាល់លក្ខខណ្ឌ និងខចែងទាំងឡាយនៃលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ ដែលគឺជាផ្នែកមួយមិនអាចខ្វះបាននៃកិច្ចព្រមព្រៀង ហើយឯកសារទាំងអស់នេះរួមបញ្ចូលគ្នា បង្កើតបានជាកិច្ចព្រមព្រៀងដែលមានសុពលភាពចងកាតព្វកិច្ចតាមផ្លូវច្បាប់រវាងអ្នក និងហ្គ្រេប។ ដើម្បីជៀសវាងនូវមន្ទិលសង្ស័យ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង អ្នកបានយល់ព្រមយ៉ាងច្បាស់លាស់ក្នុងការអនុវត្ត និងចងកាតព្វកិច្ចតាមផ្លូវច្បាប់ដោយលក្ខខណ្ឌ និងខចែងទាំងអស់នៃលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ។
១.៧. អ្នកធ្វើការតំណាងអះអាង និងធានាថា៖
៧.១. អ្នកមានសមត្ថភាព និងសិទ្ធិតាមច្បាប់ និងផ្នែកអាជីវកម្មក្នុងការចុះកិច្ចព្រមព្រៀង ហើយអនុវត្ត និងបំពេញតាមកាតព្វកិច្ចនានានៅក្រោមលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ កិច្ចព្រមព្រៀង និងច្បាប់ជាធរមាន។
៧.២. អ្នកមានសិទ្ធិ អំណាច អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតត្រឹមត្រូវ និងគ្រប់គ្រាន់ ក្នុងការដំណើរការ លក់ និងផ្គត់ផ្គង់ទំនិញជូនដល់អាជីវករអ្នកទិញ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងស្តង់ដារឧស្សាហកម្ម ដែលរួមមាន ប៉ុន្តែមិនកំណត់ចំពោះ៖ (i) ការអនុញ្ញាត និងអាជ្ញាបណ្ណលក់បោះដុំ (ii) ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងឡូជីស្ទិកនៃទំនិញជូនដល់អាជីវករអ្នកទិញ និង (iii) ការគ្រប់គ្រង និងដោះស្រាយសេវាអតិថិជនទូទៅ និងបណ្តឹងតវ៉ាផ្សេងៗ ជាដើម។
៧.៣. អ្នកមានសមត្ថភាពផ្នែកប្រតិបត្តិការ និងពាណិជ្ជកម្មក្នុងការគ្រប់គ្រង និងដោះស្រាយផ្នែកសេវាកម្មអតិថិជន រួមមាន បណ្តឹងតវ៉ា ការបង្វិលទំនិញត្រឡប់វិញ និងការបង្វិលប្រាក់ ដែលផ្តើមឡើងដោយអាជីវករអ្នកទិញ ក្នុងអំឡុងពេលអាក់សេសចូល និងប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍។
៧.៤. ហ្គ្រេប គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលមិនផ្តល់ និងមិនផ្គត់ផ្គង់ទំនិញ សេវាកម្មដឹកជញ្ជូន និងឡូជីស្ទិកក្នុងទម្រង់ណាមួយឡើយ។ ហ្គ្រេប គ្រាន់តែជាអ្នកសម្របសម្រួលវេទិកា ដើម្បីដាក់ឱ្យមាន និងជួយសម្រួលដល់ហ្គ្រេបសឹបផ្លាយស៍តែប៉ុណ្ណោះ។
៨. អ្នកយល់ព្រមអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានទាំងអស់ ដែលពាក់ព័ន្ធនឹង (ជាអាទិ៍) សុវត្ថិភាពផលិតផល និងទំនិញ និងការទទួលខុសត្រូវលើផលិតផល ការរក្សាទុក និងការវេចខ្ចប់ផលិតផល ព្រមទាំងស្តង់ដារនៃការដឹកជញ្ជូន និងឡូជីស្ទិក។
៩. អ្នកយល់ព្រម និងទទួលស្គាល់ថា ត្រូវអនុវត្តតាមការព្រមព្រៀងស្ដីពីកម្រិតស្ដង់ដារផ្ដល់សេវាកម្ម (“SLAs”) ដ៏តឹងរ៉ឹង ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងពេលវេលានៃការដឹកជញ្ជូន។ បន្ថែមលើនេះ អ្នកយល់ព្រម និងទទួលស្គាល់ថា រាល់ការខកខានមិនបានបំពេញតាមកម្រិតស្ដង់ដារផ្ដល់សេវាកម្ម ដែលបានព្រមព្រៀងគ្នា នឹងត្រូវចាត់ទុកថាជាការបំពានលើលក្ខខណ្ឌហ្គ្រេបសឹបផ្លាយស៍ទាំងនេះ ដែលផ្តល់សិទ្ធិឱ្យហ្គ្រេបក្នុងការផ្អាក ឬ បញ្ឈប់ការអាក់សេសចូល និងការប្រើប្រាស់ហ្គ្រេបសឹបផ្លាយស៍របស់អ្នកនៅពេលណាក៏បានតាមឆន្ទានុសិទ្ធិរបស់ហ្គ្រេប។
១០. អ្នកយល់ព្រមធានា សងការខូចខាត ការពារ និងរក្សាមិនឱ្យមានគ្រោះថ្នាក់ដល់ ហ្គ្រេប ព្រមទាំងក្រុមហ៊ុនសម្ព័ន្ធ អភិបាល មន្ត្រី បុគ្គលិក និងភ្នាក់ងាររបស់ហ្គ្រេប (រួមគ្នាហៅថា “ភាគីទទួលកិច្ចការពារ”) ឱ្យរួចផុតពី និងប្រឆាំងជាមួយនឹងការទាមទារណាមួយ និងទាំងអស់ (រួមទាំងការទាមទាររបស់តតិយជន) ការទទួលខុសត្រូវ ការខូចខាត ការបាត់បង់ តម្លៃ និងការចំណាយផ្សេងៗ (រួមទាំងកម្រៃសេវាផ្លូវច្បាប់សមស្របផ្សេងៗ) ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹង៖ (ក) ការលក់ ការផ្គត់ផ្គង់ ការបំពេញតាមការកុម្ម៉ង់ទិញ ការដឹកជញ្ជូន ឡូជីស្ទិក គុណភាព ឬ ការប្រើប្រាស់ទំនិញរបស់អ្នក (ខ) ការបំពានលើការតំណាងអះអាង និងការធានាណាមួយនៅទីនេះ (គ) រាល់ការធ្វេសប្រហែស ឬ ការប្រព្រឹត្តខុសដោយចេតនារបស់អ្នក និងបុគ្គលិក ឬ ភ្នាក់ងាររបស់អ្នក និង (ឃ) ការរំលោភបំពានច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តណាមួយទាក់ទងនឹងការបំពេញសេវាកម្មនៃការលក់ និងការផ្គត់ផ្គង់របស់អ្នក។ បន្ថែមលើនេះ អ្នកយល់ព្រមទទួលបន្ទុកលើកាតព្វកិច្ចការពារ និងត្រូវទទួលខុសត្រូវលើកិច្ចការពារប្រឆាំងជាមួយការទាមទារពីតតិយជនណាមួយ ដែលប្រឆាំងនឹងភាគីទទួលកិច្ចការពារ ដែលពាក់ព័ន្ធនឹងការលក់ ការផ្គត់ផ្គង់ ការបំពេញតាមការបញ្ជាទិញ ការដឹកជញ្ជូន ឡូជីស្ទិក គុណភាព ឬ ការប្រើប្រាស់ទំនិញភ្លាមៗបន្ទាប់ពីទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីហ្គ្រេប។
១១. អ្នកយល់ព្រម និងទទួលស្គាល់ថា នៅពេលទទួលបានការជូនដំណឹងសមស្របពីហ្គ្រេប អ្នកនឹងផ្តល់សិទ្ធិឱ្យ ហ្គ្រេប ឬ តំណាងដែលមានសិទ្ធិរបស់ហ្គ្រេប ធ្វើការត្រួតពិនិត្យ និងសវនកម្មលើកំណត់ត្រា ស្តុកទំនិញ និងទីតាំងរបស់អ្នក រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ហាង សាខា ឬ ឃ្លាំងរបស់អ្នក ពាក់ព័ន្ធនឹងទំនិញ ការដឹកជញ្ជូន និងឡូជីស្ទីក។ ការត្រួតពិនិត្យ ឬ សវនកម្មនេះ ត្រូវធ្វើឡើងក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា ហើយដោយមិនបង្កការរំខានដល់ប្រតិបត្តិការរបស់អ្នកឡើយ។
១២. អ្នកយល់ព្រម និងទទួលស្គាល់ថា អ្នកកាតព្វកិច្ចទទួលខុសត្រូវលើសេវាកម្មបម្រើអតិថិជន ដោយត្រូវរ៉ាប់រងលើការចំណាយ និងមធ្យោបាយផ្សេងៗដោយខ្លួនឯង។ អ្នកត្រូវមានការទទួលខុសត្រូវចម្បងក្នុងការឆ្លើយតប និងដោះស្រាយរាល់ការសាកសួរ ការប្តឹងតវ៉ា និងបញ្ហានានាដែលលើកឡើងដោយ អាជីវករអ្នកទិញទាក់ទងនឹងទំនិញ (រួមមាន បញ្ហាគុណភាព បរិមាណ ការពិពណ៌នានៃទំនិញ ឬ ការដឹកជញ្ជូន ឬ ឡូជីស្ទិក)។
១៣. អ្នកធានា និងអះអាងថា អ្នកនឹងមិនប្រើប្រាស់វេទិការបស់យើង និង ហ្គ្រេបសឹបផ្លាយស៍ សម្រាប់គោលបំណងមិនស្របច្បាប់ ឬ ខុសច្បាប់ណាមួយឡើយ (រួមទាំង ការដឹកជញ្ជូន ឬ ឡូជីស្ទិក ដែលត្រូវបានហាមឃាត់ ឬ ខុសច្បាប់ រួមមានគ្រឿងញៀន ឬ ការធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌ល្អរបស់សង្គម)។
សម្រាប់អាជីវករអ្នកទិញ
១៤. តាមរយៈការអាក់សេសចូល និងប្រើប្រាស់ ហ្គ្រេបសឹបផ្លាយស៍ ដើម្បីមើល និងទិញទំនិញ អ្នកធ្វើការតំណាងអះអាង ធានា និងព្រមព្រៀងយ៉ាងច្បាស់លាស់ និងឥតងាករេថា ការទិញទំនិញរបស់អ្នកនៅលើ ហ្គ្រេបសឹបផ្លាយស៍ គឺសម្រាប់តែគោលបំណងពាណិជ្ជកម្ម ឬ អាជីវកម្មតែប៉ុណ្ណោះ ហើយមិនមែនសម្រាប់បម្រើដល់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងគ្រួសារ ឬ ក្នុងផ្ទះនោះទេ។ ហ្គ្រេបសឹបផ្លាយស៍ គឺសម្រាប់ប្រតិបត្តិការ អាជីវកម្ម ជាមួយ អាជីវកម្ម ហៅថាកាត់ថា (“B2B”) ក្នុងគោលបំណងជួយសម្រួល និងផ្ដល់ការគាំទ្រដល់អ្នកឱ្យមានឱកាសទិញទំនិញពីប្រភពផ្ទាល់ ក្នុងតម្លៃសមរម្យប្រកបដោយភាពងាយស្រួល។
១៥. អ្នកធ្វើការតំណាងអះអាង និងធានាថា៖
១៥.១. អ្នកធ្វើសកម្មភាពក្នុងនាមអាជីវកម្មតែប៉ុណ្ណោះ ហើយប្រតិបត្តិការនេះមានលក្ខណៈជាពាណិជ្ជកម្ម និង
១៥.២. ប្រតិបត្តិការរវាងអាជីវកម្ម និងអាជីវកម្មនេះ ជាទូទៅមិនស្ថិតនៅក្រោមការអនុវត្តនូវសិទ្ធិ អត្ថប្រយោជន៍ ឬ យន្ដការនានា ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឡើយ។
១៦. អ្នកយល់ព្រម និងទទួលស្គាល់ថា ទំនិញដែលតាំងបង្ហាញ និងលក់នៅលើ ហ្គ្រេបសឹបផ្លាយស៍ ត្រូវបានផ្តល់ជូនតាមស្ថានភាព “ជាក់ស្តែង” និង “តាមដែលអាចមាន” ប៉ុណ្ណោះ។ យើងមិនធ្វើការតំណាងអះអាង ធានា ឬ សន្យាណាមួយ ទោះជាដោយផ្ទាល់ ឬ ដោយប្រយោល ពាក់ព័ន្ធនឹងភាពត្រឹមត្រូវ ភាពជឿជាក់ គុណភាព លក្ខខណ្ណផ្នែកពាណិជ្ជកម្ម ភាពសមស្របសម្រាប់គោលបំណងណាមួយជាក់លាក់ ឬ ការមិនរំលោភបំពានណាមួយឡើយ។ អ្នកត្រូវផ្អែកទៅលើការពិពណ៌នា និងការធានា ដែលផ្តល់ឱ្យដោយអាជីវករអ្នកផ្គត់ផ្គង់។
១៧. អ្នកទទួលស្គាល់ និងយល់ព្រមថា ចំពោះរាល់បញ្ហា ការសាកសួរ ឬ បណ្តឹងតវ៉ាពាក់ព័ន្ធនឹងទំនិញ (រួមមានទាំងគុណភាពទំនិញ ទំនិញមិនបានដឹកជញ្ជូន ឬ ផ្ដល់ទំនិញមិនត្រឹមត្រូវ) អ្នកត្រូវទាក់ទង និងដោះស្រាយបញ្ហាទាំងនោះដោយផ្ទាល់ជាមួយអាជីវករអ្នកផ្គត់ផ្គង់របស់អ្នក។