Tech, Tokos and talent: លោក Theo Vassilakis នៅក្នុងឆ្នាំដំបូងរបស់គាត់ មានតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Grab

វាទើបតែប្រមាណជាងមួយឆ្នាំមុនប៉ុណ្ណោះ នៅពេលដែលលោក Theo បានសម្រេចចិត្តនាំក្រុមគ្រួសាររបស់លោកធ្វើដំណើរឆ្លងទ្វីប ទៅកាន់ប្រទេសសិង្ហបុរី។ មួយក្នុងចំណោមហេតុផលជាច្រើនផ្សេងទៀតដែលជម្រុញឲ្យគាត់ទៅកាន់ទីនោះគឺ ដោយសារតែគាត់មានការចាប់អារម្មណ៍ទៅនឹង គោលគំនិតមុះមុតរបស់ស្ថាបនិកវ័យក្មេងពីររូបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ គាត់មានការស្ងើចសរសើរយ៉ាងខ្លាំង ទៅលើគោលដៅបេសកកម្មរបស់លោក Anthony និង លោកស្រី Hooi Ling សម្រាប់ក្រុមហ៊ុន Grab ជាក់ស្ដែង ដូចជាវិធីសាស្ត្រដែលពួកគេអាចកំណត់ពីតម្រូវការពិតប្រាកដ ដែលតំបន់អាស៊ីអាគ្នេយ៍ត្រូវការ ហើយបានបន្តនិងធ្វើតេស្តបានយ៉ាងលឿនរហូតទទួលបានជោគជ័យ។

តាមពាក្យរបស់លោក Theo Vassilakis ដែលប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Grab មួយរូបនេះ គឺលោកបានទទួលយកតួនាទីនេះ នៅពេលដែលក្រុមហ៊ុនស្ថិតក្នុងដំណាក់កាល «កំពុងមានសន្ទុះរីកចម្រើនខ្លាំង»។

លោកបានបន្តថា៖ «សព្វថ្ងៃនេះយើងមិនត្រឹមតែជា មូលដ្ឋានដឹកជញ្ជូន ដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ យើងក៏ជាក្រុមហ៊ុនហិរញ្ញប្បទានលេខ ១ ផងដែរ ហើយមិនយូរទេយើងនឹងក្លាយទៅជាអ្នកដឹកជញ្ជូនអាហារលេខ ១ នៅក្នុងតំបន់នេះ»។ «កម្មវិធីរបស់យើងបានទទួលការទាញយកចំនួន ១០៩ លានដង ដែលនេះមានន័យថា យើងមានវត្តមាននៅក្នុងទូរស័ព្ទស្មាតហ្វូន ១ នៅក្នុងចំណោមស្មាតហ្វូន ៤ នៅទូទាំងពិភពលោកទាំងមូល។ ហើយនោះជាចំណុចមួយដែលធ្វើឲ្យយើងក្លាយជាមូលដ្ឋានកម្មវិធីទូរស័ព្ទ ដែលទទួលបានអ្នកប្រើប្រាស់ច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»

នៅក្នុងកិច្ចជជែកពិភាក្សាមួយនៅក្នុងសន្និសីទ Tech in Asia Jakarta 2018 នាពេលថ្មីៗនេះ លោក Theo បានធ្វើការណែនាំអំពីដំណាក់កាលថ្មីៗរបស់ក្រុមហ៊ុន Grab និងរំលឹកឡើងវិញអំពីដំណើរការងាររបស់លោករយៈពេលមួយឆ្នាំកន្លងមក ក្នុងតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនេះ។

លោក Theo បានចែករំលែកបន្ថែមទៀតនៅក្នុងអត្ថបទដកស្រង់ខាងក្រោមនេះ៖

ហេតុអ្វីបានជាលោកសម្រេចចិត្តធ្វើការជាមួយ Grab កាលពីមួយឆ្នាំមុន?

នៅពេលដែលខ្ញុំបានលឺអំពីតួនាទីនេះនៅក្នុងក្រុមហ៊ុន Grab ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចទទួលបានឱកាសចូលរួមធ្វើការជាមួយក្រុមហ៊ុនមួយ ដែលបានជម្រុញកំណើនសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនលូតលាស់លឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ វាគឺជាការរំពឹងទុកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងការបង្កើតនូវផលិតផលនិងសេវាកម្ម ដែលអាចនាំមកនូវភាពងាយស្រួល និងប្រាក់ចំណូលដល់មនុស្សរាប់រយលាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ការធ្វើដំណើរមកពីសហរដ្ឋអាមេរិកសម្រាប់តួនាទីនេះ គឺពិតជាបានផ្តល់ឲ្យខ្ញុំនូវទស្សនវិស័យផ្សេងគ្នា អំពីរបៀបធ្វើការងាររបស់ខ្ញុំនិងក្រុមការងាររបស់ខ្ញុំ ដែលការងាររបស់ពួកយើង ជាកត្តាជះឥទ្ធិពលទៅដល់មនុស្សគ្រប់ជាន់ថ្នាក់ជាច្រើននាក់បាន។ វាគឺដូចជារឿងមួយ ដែលអ្នកជួបប្រទះនឹងបញ្ហាក្នុងការមើលវីដេអូឃ្លីបនៅលើអ៉ីនធើណិត ហើយរឿងមួយទៀត គឺប្រសិនបើអតិថិជនរបស់អ្នកមិនអាចរកចំណូលបាននៅថ្ងៃនោះទេ។ នៅក្នុងសហគ្រិនខ្នាតតូចរបស់យើង ពោលគឺមនុស្សភាគច្រើនបាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការរបស់ពួកគេ ដើម្បីលើកស្ទួយខ្លួនឯង ឲ្យចេញផុតពីកម្រិតប្រាក់ចំណូលទាបបំផុតនៅក្នុងរាងពីរ៉ាមីត ហើយអ្វីទាំងអស់នេះគឺពឹងផ្អែកលើពួកយើងទាំងស្រុង។ ការសម្រេចចិត្តគ្រប់យ៉ាងដែលយើងធ្វើរៀងរាល់ថ្ងៃនេះ គឺអាចមានផលប៉ះពាល់ដោយផ្ទាល់ ទៅលើជីវភាពរស់នៅរបស់ពួកគេ ហេតុដូចនេះហើយ ទើបយើងមានយកចិត្តទុកដាក់និងមានទំនួលខុសខ្ពស់ ចំពោះការងាររបស់យើង។

តើអ្វីជាកត្តាជម្រុញចម្បងរបស់លោកក្នុងការសម្រេចចិត្តចូលរួមធ្វើការជាមួយ Grab?

ក្នុងនាមជាវិស្វករម្នាក់ រឿងដែលសំខាន់បំផុតក្នុងការបង្កើតបច្ចេកវិទ្យានោះ គឺការដឹងថាយើងកំពុងធ្វើការឲ្យនរណា ហើយអ្វីជាបញ្ហាដែលយើងកំពុងព្យាយាមដោះស្រាយ។ ដូច្នេះចំណុចចម្បងទី ១ របស់ខ្ញុំគឺការចង់ដឹងអំពីទស្សនវិស័យរបស់ប្រជាជន។ កាលពីដំបូងឡើយ ខ្ញុំបានចំណាយពេលជាច្រើន ដើម្បីធ្វើការសិក្សាទៅគ្រប់ទីផ្សារផ្សេងៗគ្នាទាំងអស់ ហើយវាជាអ្វីដែលខ្ញុំនៅតែបន្តធ្វើសព្វថ្ងៃនេះ។

តើលោកបានរៀនអ្វីខ្លះ?

នៅក្នុងខួក្បាលរបស់ខ្ញុំ ខ្ញុំគិតថាតំបន់អាស៊ីអាគ្នេយ៍នឹងមានចំណុចខុសប្លែកពីអ្វីដែលខ្ញុំធ្លាប់ឃើញ។ ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំបានដឹងថាវាមិនមែនជាអ្វីដែលខុសគ្នាខ្លាំងជាមួយទីក្រុង Athens ដែលជាស្រុកកំណើតរបស់ខ្ញុំនោះទេ។ នៅក្នុងគោលគំនិតរបស់ខ្ញុំ វាជាទីក្រុងមួយដែលស្ថិតនៅក្នុងដំណាក់កាល កំពុងអភិវឌ្ឍ។ ខ្ញុំចាំបានថាខ្ញុំបានទៅ Toko ដែលជាក្រុមហ៊ុនដៃគូអាជីវកម្មនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់យើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំបានជជែកជាមួយម្ចាស់អាជីវកម្មនៅទីនោះ ហើយគាត់បានប្រាប់ខ្ញុំពីរឿងរ៉ាវរបស់គាត់ ក្នុងការដែលគាត់បានទទួលកេរ្ដិ៍មរតកមកគ្រប់គ្រងជំនួញបន្តពីឪពុកម្ដាយរបស់គាត់ និងហេតុអ្វីគាត់នៅតែបន្តរស់នៅជាមួយបងប្អូនរបស់គាត់។ ខ្ញុំចាំបានថា ខ្ញុំទទួលរងផលប៉ះពាល់ពីការរួមបញ្ចូលគ្នានៃប្រពៃណីនិងទំនើបកម្ម។ នេះជាទីកន្លែងមួយ ដែលប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីនិងមានវ័យចំណាស់បំផុត ប៉ុន្តែសម្រាប់អាជីវកម្មវិញ ពួកគេបានប្រើប្រាស់កម្មវិធីទូរស័ព្ទដែលមានបច្ចេកវិទ្យាខ្ពស់ ដែលពិតជាផ្លាស់ប្តូរមុខមាត់អាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង។ ក្រុមអ្នកដឹកនាំនៅ Grab តែងប្រកាន់ខ្ជាប់នូវទម្លាប់មួយ គឺការទៅជួបស្វែងយល់ដោយផ្ទាល់ជាមួយដៃគូអ្នកបើកបរ អតិថិជនជាអ្នកប្រើប្រាស់ និងដៃគូអាជីវកម្ម ហើយពួកគេតែងតែអនុវត្តបែបនេះ និងធ្វើឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការសំណេះសំណាលគ្នាប៉ុណ្ណោះទេ តែវាជាចំណុចមួយដែលជម្រុញយើងឲ្យយល់កាន់តែច្បាស់ពីការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ក្នុងនាមជាអតីតបុគ្គលិកក្រុមហ៊ុន Google និង Microsoft ក៏ដូចជាសហគ្រិនម្នាក់ តើលោកនឹងធ្វើយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងផ្នែកបច្ចេកទេសនិងពាណិជ្ជកម្ម នៃតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យា របស់លោកយ៉ាងដូចម្តេច?

ខ្ញុំមានការជឿជាក់យ៉ាងមុតមាំទៅលើគោលការណ៍ double bottom line នេះមានន័យថាក្រៅពីការទទួលបានផលចំណេញ យើងគួរតែបង្កើតបច្ចេកវិទ្យាមួយ ដែលផ្តោតទៅលើដំណោះស្រាយ ដែលសង្គមទទួលរងការប៉ះពាល់ដោយសារវា។ ទោះយ៉ាងណាក៏ដោយ នេះជាហេតុផលដែលបច្ចេកវិទ្យាត្រូវបានបង្កើតឡើង។ យើងមិនមែនគ្រាន់តែបង្កើតបច្ចេកវិទ្យាឡើង ឲ្យបាននាមជាបច្ចេកវិទ្យានោះទេ គឺយើងបង្កើតឡើងដើម្បីដោះស្រាយបញ្ហា បង្កើតឱកាស និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជម្រុញសេដ្ឋកិច្ចឲ្យមានភាពរីកចំរើន។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិទាំងអស់របស់ Grab គឺការមានទំនាក់ទំនងជិតស្និទ្ធរវាង ប្រតិបត្តិការនិងប្រព័ន្ធគ្រប់គ្រង។ សូម្បីតែជាវិស្វករ ក៏ត្រូវតែដឹងដែរថា តើក្នុងនាមជាអតិថិជន ជាដៃគូអ្នកបើកបរ ឬភ្នាក់ងារ Kudo មានការយល់ឃើញយ៉ាងណា។ ហើយនេះជាវិធីសាស្រ្ដមួយ ដែលពួកគេអាចស្វែងយល់ពីបញ្ហាពិតប្រាកដ ដើម្បីពួកគេរកដំណោះស្រាយដោះស្រាយវា។

តើអ្វីជាបញ្ហាប្រឈមដ៏ធំបំផុតរបស់លោកក្នុងនាមជា ប្រធានផ្នែកបច្ចេកវិទ្យា?

ខណៈពេលដែលក្រុមហ៊ុន Grab កំពុងមានការលូតលាស់ខ្លាំង ការជ្រើសរើសមនុស្សឲ្យចូលរួមធ្វើការ ដែលមានការយល់ឃើញត្រូវជាមួយគោលដៅធំរបស់យើង គឺពិតជារឿងសំខាន់ណាស់។ យើងត្រូវការមនុស្សដែលការប្តេជ្ញាខ្ពស់ក្នុងការអនុវត្តជាមួយនឹងចក្ខុវិស័យរបស់យើង ដើម្បីនាំអ្នកទាំងអស់គ្នា ឲ្យចូលកាន់តែជិតទៅនឹងអ្វីដែលពួកគេចង់បាន មិនមែនគ្រាន់តែវិស្វករ ឬ អ្នកទីផ្សារដ៏អស្ចារ្យប៉ុណ្ណោះទេ។ យើងចង់បានមនុស្សដែលពិតជាមានការយល់ឃើញដូចគ្នា ជាមួយនឹងចក្ខុវិស័យរបស់យើង ក្នុងការជម្រុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅរកភាពរីកចម្រើន។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺនៅពេលដែលយើងមានរីកលូតលាស់កាន់តែខ្លាំង ចំណុចសំខាន់មួយដែលយើងមិនត្រូវបំភ្លេចចោល គឺការរក្សានូវវប្បធម៌កំណើតរបស់យើង ដែលធ្វើឲ្យយើងទទួលបានជោគជ័យដូចនៅពេលនេះ។ ដូចជា ភាពសកម្ម មហិចតាខ្ពស់ និងភាពរហ័សវាងវៃ ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេ គឺត្រូវមានឆន្ទៈក្នុងការសហការគ្នាដើម្បីទទួលបានជោគជ័យ។

និយាយអំពីទេពកោសល្យនៅអាស៊ីអាគ្នេយ៍វិញ។ តើអ្វីទៅជាយុទ្ធសាស្រ្តរបស់ Grab ក្នុងការរក្សានិងទទួលបានមនុស្សដែលមានទេពកោសល្យខ្ពស់?

កាលពីដើមដំបូងឡើយ ការជួលបុគ្គលិកដែលមានទេពកោសល្យខ្ពស់ គឺជាបញ្ហាចម្បងមួយដែលយើងបានប្រឈម។ អ្វីដែលយើងបានឃើញគឺថា មានអ្នកដែលមានជំនាញខាងបច្ចេកវិទ្យាល្អៗជាច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចាកចេញទៅបរទេស ព្រោះនៅទីនេះវាមិនមែនជាឧស្សាហកម្មមួយ ដែលផ្តល់ឲ្យពួកគេនូវឱកាសគ្រប់គ្រាន់ ក្នុងការពង្រីកអាជីពរបស់ពួកគេនោះទេ។ ប៉ុន្តែយើងបានសម្រេចចិត្តដោះស្រាយបញ្ហាមួយនេះ ដោយយើងមិនគ្រាន់តែជួលបុគ្គលិកដែលមានទេពកោសល្យខ្ពស់បុណ្ណោះទេ យើងធ្វើការបង្ហាត់បង្រៀន ផ្ដល់វគ្គបណ្ដុះបណ្ដាលថ្មីៗដល់ពួកគេថែមទៀតផង (ឧទាហរណ៍ NUS AI Lab) ហើយយើងបានបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិវឌ្ឍ នៅក្នុងទីក្រុងដូចជាហ្សាកាតានិងហូជីមិញ ដើម្បីធ្វើការបណ្ដុះបណ្ដាលបុគ្គលដែលមានទេពកោសល្យ។ ដូច្នេះយើងកំពុងជួយដោះស្រាយនូវបញ្ហាទាំងអស់នេះតាមរយៈការផ្លាស់ប្ដូរនិន្នាការនោះ ហើយវាក៏ជាវិធីសាស្ត្រមួយក្នុងការបំពេញនូវកង្វះខាតដែលយើងបានជួបប្រទះផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ឥឡូវនេះយើងបានក្លាយជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយ បុគ្គលឆ្នើមនិងមានទេពកោសល្យខ្ពស់ផ្នែកបច្ចេកវិទ្យានៅលើពិភពលោក ហើយនេះបានបង្ហាញនូវការពិតជាក់ស្ដែងមួយថា នាពេលបច្ចុប្បន្ននេះ ការងារដែលយើងធ្វើនៅ Grab គឺមិនអាចរកបាន នៅកន្លែងផ្សេងទៀត នៅក្នុងពិភពលោកនេះទេ។

តើជំហានបន្ទាប់របស់លោកមានអ្វីខ្លះ?

ឱកាសនៃបច្ចេកវិទ្យាដ៏ធំដែលយើងមាន គឺការប្រើប្រាស់សក្តានុពលនៃទិន្នន័យក្នុងចំនួនដ៏ធំ ដែលឆ្លងកាត់មូលដ្ឋានរបស់យើងជារៀងរាល់ថ្ងៃ។ សក្ដានុពលរបស់យើង មិនមែនមានលទ្ធភាពត្រឹមតែបង្កើតផលិតផលនិងសេវាកម្ម ឲ្យប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងធ្វើការជាមួយរដ្ឋាភិបាលនិងដៃគូនានា ដើម្បីស្វែងយល់ពីបញ្ហាដែលមាននៅក្នុងតំបន់ឲ្យកាន់តែច្បាស់ និងជួយធ្វើការដោះស្រាយបញ្ហាទាំងនោះ ដូចជាការកកស្ទះចរាចរណ៍ជាដើម។ ខ្ញុំពិតជាជឿជាក់ថា យើងម្នាក់ៗមានតួនាទីពិតប្រាកដ ក្នុងការជម្រុញនិងបង្កើតទីក្រុងឆ្លាតវៃ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ដើម្បីសម្រេចបានជោគជ័យនេះ យើងនឹងបន្តវិនិយោគយ៉ាងច្រើន ទៅលើទិន្នន័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា AI និងការសិក្សាពីគ្រឿងម៉ាស៊ីន។ ក្នុងពេលជាមួយគ្នានេះ ការធ្វើការជាមួយដៃគូដូចដែលយើងបានសហការជាមួយ NUS និង Microsoft គឺពិតជាបានធ្វើឲ្យមានភាពខុសប្លែកគ្នាដ៏គួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលដ៏ខ្លីបំផុត។

ជាចុងក្រោយនេះតើលោកមានដំបូន្មានអ្វីសម្រាប់ ប្រធានផ្នែកបច្ចេកវិទ្យា ទាំងអស់នៅទូទាំងតំបន់នេះ?

គឺថា ត្រូវផ្តោតលើបញ្ហាដែលអ្នកស្គាល់ច្បាស់ ហើយថាគ្មាននរណាម្នាក់ដឹងទេ។ ហើយធ្វើការបង្កើតផលិតផលដែលអាចដោះស្រាយបញ្ហាទាំងនោះ។ វាមិនមែនជាបញ្ហាទេ ប្រសិនបើមាននរណាម្នាក់មានផលិតផលដែលទំនើបជាង ប៉ុន្តែប្រសិនបើវានៅតែមិនអាចដោះស្រាយបញ្ហាបានត្រឹមត្រូវល្អនោះទេ អ្នកនៅតែមានឱកាស។